រកឃើញសព ម្តាយ និងកូន២នាក់ ដែលស្លាប់ក្នុងហេតុការណ៍លិចទូកស្មាច់នៅក្រុងកែប


ខេត្តកែប៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះដឹកនាំដោយ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប រួមជាមួយម្លាំងនគរបាលវរៈព្រំដែនទឹក៤៣០ដឹកនាំដោយលោក ទេព ដូរសំណាង បានរកឃើញសព មនុស្ស៣នាក់ ដែលជាម្តាយ និងកូនប្រុស២នាក់ បន្ទាប់ពីស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកស្មាច់មួយគ្រឿង ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។


ក្នុងឱកាសនោះ អាជ្ញាធរ និងក្រុមការងារ បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើផ្ទៃសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងរដូវវស្សា និងពេលមានអាកាសធាតុមិនអំណោយផល។ 


គួបញ្ជាក់ថា  ហេតុការណ៍លិចទទូកស្មាច់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១២:៥០នាទីរសៀល ខណៈទូកស្មាច់មួយគ្រឿង បានចេញទៅរាវងាវ នៅមុខឃ្លងព្រែកសរសៀរ ក៏ជួបជាមួយខ្យល់ខ្លាំងបង្កជាទឹករលកធំៗ ធ្វើអោយលិចទូកតែម្តង។ 

ក្នុងទូកមានមនុស្សចំនួន៤នាក់ រួមមាន ឈ្មោះ រស់ សាម ភេទប្រុស អាយុ៤០ឆ្នាំ ជាឪពុក បានរស់រានមានជីវិត ខណៈភរិយាឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ បានបាត់ខ្លួនក្រោយកើតហេតុ។ ជនរងគ្រោះទាំងអស់ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។







Previous Post Next Post