ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុកអង្គស្នួល អញ្ជើញចុះពិនិត្យមើលអំពីដំណើរការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ដែលមាន៖ប្រវែង៖ ១,១៤៦ ម៉ែត្រ, ទទឹង៖ ៨ ម៉ែត្រ និងកម្រាស់៖ ១.៥០ ម៉ែត្រ ដែលផ្លូវបេតុងមួយខ្សែនេះ ស្ថិតនៅផ្លូវចូល និងជុំវិញបរិវេណ សាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្នុងភូមិសាស្ត្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់ឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវ គុណភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។
បន្ទាប់ពីផ្លូវនេះសាងសង់រួចរាល់ បានជួយសម្រួលដល់ការធ្វើដំណើរកាន់តែងាយស្រួល សុវត្ថិភាព និងលឿនរហ័ស ជូនដល់លោកគ្រូ-អ្នកគ្រូ សមណសិស្ស និស្សិត និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជុំវិញ។ ជាមួយគ្នានេះការកសាងផ្លូវនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងស្រុកអង្គស្នួល ឱ្យកាន់តែមានភាពស៊ីវិល័យ និងមានរបៀបរៀបរយ ជួយលើកកម្ពស់សោភ័ណភាពជុំវិញបរិវេណសាកលវិទ្យាល័យឱ្យកាន់តែស្អាត និងមានបរិស្ថានល្អផងដែរ។









