ខេត្តបន្ទាយមានជ័យ : ថ្មីៗនេះមានករណីឃាតកម្មមួយបានកើតឡើងកាលពីម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះក្នុងហេតុការនេះមានឈ្មោះ អ៊ុក ហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបបកម្មករទឹកស្អាត មានស្រុកកំណើតស្រុកសូនិគម ខេត្តសៀមរាប ស្នាក់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានប្រាប់ថា មុនកើតហេតុជនរងគ្រោះកំពុងដើរតាមផ្លូវពេលយប់ ហើយក៏ត្រូវបានជនដៃដល់យកកាំបិតកាប់ចំ ៣កន្លែង រួចរត់ពីកន្លែងកើតហេតុបានប្រមាណជិត១០០ម៉ែត្រ ដល់មុខផ្ទះស្រែអោយគេជួយ ពេលសាច់ញាតិចេញមកជួយ ឃើញជនដៃដល់ជិះម៉ូតូគេចខ្លួនទៅបាត់។ ចំណែកជនរងគ្រោះត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីពេទ្យតែជាអកុសលបានស្លាប់បាត់ទៅហើយ។
តាមប្រភពនានាពីអ្នកធ្វើការជាមួយជនរងគ្រោះបញ្ជាក់ថា ករណីឃាត់កម្មកាប់សម្លាប់លើជនរងគ្រោះនេះ ជាករណីស្នេហាត្រីកោណ ដោយជនរងគ្រោះបានលួចទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនសង្ស័យរយៈពេលច្រើនខែមកហើយ ទើបប្តីគេមកកាប់បណ្តាលជនរងគ្រោះរបួសធ្ងន់រហូតដល់ស្លាប់។
ជនសង្ស័យមានឈ្មោះ វីត អ្នករស់នៅភូមិរោងម៉ាស៊ីន ជាមួយគ្នា ហើយជនដៃដល់ក៏ធ្លាប់ព្រមានជនរងគ្រោះអោយឈប់ទាក់ទងប្រពន្ធរបស់ខ្លួន រហូតជនដៃដល់អោយប្រពន្ធទៅធ្វើការនៅភ្នំពេញរយៈពេលជិត១ខែមកហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ករណីឃាតកម្មកាប់ទៅលើជនរងគ្រោះត្រូវចំនួន៣កន្លែង រងរបួសធ្ងន់ក្រោយបញ្ជូនដល់មន្ទីពេទ្យបានស្លាប់ ហើយជនដៃដល់បានរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចតាមចាប់បានភ្លាមៗ កាលពីព្រឹកថ្ងៃទី២០វិច្ឆិកានេះ។ សពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកធ្វើបុណ្យវត្តសុភមង្គល៕




