(កំពង់ឆ្នាំង): អគ្គិភ័យបានឆាបឆេះទីតាំងចំរាញ់ប្រេងមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាំងពីម៉ោង ៩៖០០នាទីយប់ថ្ងៃទី២០ ខែមករា រហូតមកដល់ថ្ងៃត្រងទី២១ ខែមករា ឆ្នាំ២០២៦ ក្រុមពន្លត់អគ្គិភ័យទើបអាចគ្រប់គ្រងសភាពការណ៍បាន។
អធិការនគរបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា ទីតាំងចម្រាញ់ប្រេងដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះ ស្ថិតក្នុងភូមិសំព័រ៍ ឃុំតាជេស ស្រុកកំពង់ត្រឡាច ត្រូវបានអគ្គិភ័យឆាបឆេះ តាំងពីវេលាម៉ោង ៩៖០០នាទីយប់ថ្ងៃទី២០ ខែមករារហូតមកដល់ម៉ោ ង៩៖០០នាទីព្រឹកថ្ងៃទី២១ ខែមករានេះ ក្រុមមន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មិនទាន់អាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុងនៅឡើយនោះទេ តែអាចថមថយបានខ្លះ។
តែតាមសេចក្តីរាយការណ៍ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់នេះ ការគ្រប់គ្រងអគ្គិភ័យបានទាំងស្រុងហើយ។
អធិការបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រើប្រាស់រថយន្តចំនួនជាង១០គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាចសរុបចំនួនជិត១០គ្រឿង។
ដោយឡែក រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងទៀត ត្រូវបានបញ្ជូនមកពីនាយកដ្ឋានក្រសួងមហាផ្ទៃ។
ចំណែកសកម្មភាពអន្តរាគមន៍ក្នុងការការពន្លត់អគ្គិភ័យខាងលើនេះផងដែរ គឺបានធ្វើសកម្មភាពពេញមួយយប់ និងបានប្រើប្រាស់ទឹកអស់ ជាច្រើនគ្រឿងដែលក្រុមការងារពន្លត់អគ្គិភ័យមិនអាចរាប់ចំនួនបានឡើយ ដោយសារតែសកម្មភាពនេះ សមត្ថកិច្ចបានប្រឹងប្រែងពេញមួយយប់មកដល់ម៉ោងជាង ៩ព្រឹកថ្ងៃទី២១ ខែមករា សមត្ថកិច្ចពុំទាន់បានសម្រាកនៅឡើយ៕



