បង្ក្រាបទីតាំងឆ្នោតអនឡាញខុសច្បាប់នៅខណ្ឌកំបូល ឃាត់ខ្លួនជនសង្ស័យ ៥នាក់


រាជធានីភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំជាប្រចាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចាត់តាំងលោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ចុះបង្ក្រាបទីតាំងកត់ និងចែកចាយឆ្នោតអនឡាញខុសច្បាប់មួយកន្លែងស្ថិតនៅផ្ទះលេខ១៦២ ផ្លូវលេខ១៧ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងនោះមានស្រី ៤នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនដែលពាក់ព័ន្ធ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់។ 

អាជ្ញាធរបន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ និងគោរពច្បាប់ ដើម្បីរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ៕ដោយ: កុល គន







أحدث أقدم