(កំពង់ចាម)៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ មានករណីឃាតកម្មដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងតំបន់ផ្សារស្គន់ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបណ្ដាលឲ្យមនុស្ស២នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
តាមសេចក្ដីរាយការណ៍ជំហានដំបូងបានឲ្យដឹងថា ជនបង្កហេតុ និងស្ត្រីរងគ្រោះ គឺជាអតីតប្ដីប្រពន្ធនឹងគ្នា ដែលទើបតែបញ្ចប់ការលែងលះ ។ ក្នុងហេតុការណ៍នេះ បុរសជាអតីតប្ដី បានប្រើអាវុធបាញ់សម្លាប់ស្ត្រីជាអតីតភរិយា រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយយ៉ាងសាហាវ។
ប្រភពដដែលបានបន្ថែមថា មូលហេតុដើមនៃអំពើឃាតកម្មនេះ ត្រូវបានសង្ស័យថា ផ្ដើមចេញពីវិបត្តិផ្លូវអារម្មណ៍ និងភ្លើងប្រចណ្ឌ បន្ទាប់ពីការបែកបាក់គ្រួសារ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងចុះពិនិត្យ និងប្រមូលភស្តុតាងនៅទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវបន្ថែម និងចាត់ការតាមនីតិវិធីច្បាប់បន្ត។
អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យរក្សាសន្តិសុខ និងរាយការណ៍ភ្លាមៗទៅកាន់សមត្ថកិច្ច ប្រសិនបើសង្កេតឃើញសកម្មភាពគួរឲ្យសង្ស័យ៕ អង្គស្នួល ប៉ុស្តិ៍
Tags:
សន្តិសុខ និងសង្គម






