ចិន​ធ្វើ​សមយុទ្ធ​យោធា​​ចម្បងនៅ​ជុំ​វិញ​កោះតៃ​​វ៉ន់

ប្រទេស​ចិន ៖ ចិន​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២៩​ធ្នូ​សមយុទ្ធ​យោធា​ចម្បង​មួយ នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ដោយ​សមយុទ្ធ​នោះ​មានឈ្មោះ​ថា បេសកកម្ម​យុត្តិធម៌​២០២៥ ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង ដោយសារ​តែ​អា​មេ​រិ​ក​លក់​ឲ្យ​កោះ​តៃវ៉ាន់​នូវ​គ្រឿង​សព្វាវុធ​ថ្មី​ៗ​។ ដោយសារ​សមយុទ្ធ​នោះ​កោះ​តៃវ៉ាន់​បាន​ដាក់​ពង្រាយ​កងទ័ព​ខ្លួន​បក​វិញ​។

ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​នោះ​កងទ័ព​ចិន​បាន​ប្រើ​បណ្ដា​នាវា​ពិឃាត យន្តហោះ​ប្រដេញ យន្ត​ហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ និង​ដ្រូ​ន​។ ក្នុង​សមយុទ្ធ​នោះ​មានការ​បាញ់​គ្រាប់​ពិត​លើ​បណ្ដា​គោលដៅ​ក្នុង​សមុទ្រ​នៅ​ភាគ​ខាងជើង​និង​ភាគ​នីរ​តី​តៃវ៉ាន់​។ ក្នុង​សមយុទ្ធ​នេះ​កងទ័ព​ចិន​នឹង​ផ្ដោត​លើ​ការ​ល្បាត​រៀបចំ​ការ​ប្រយុទ្ធ​អាកាស​-​សមុទ្រ បង្កើន​ឧត្ដមភាព​ជាស​កល ឡោម​ព័ទ្ធ​បណ្ដា​កំពង់​ផែ​និង​តំបន់​គន្លឹះ​នានា​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ​របស់​អ្នកនាំពាក្យ​ម្នាក់​នៃ​កងទ័ព​ចិន​។

សេចក្ដី​ប្រកាស​ដាច់​ដោយឡែក​មួយទៀត​របស់​កងទ័ព​ចិន​អះអាង​ថា តំបន់​៥​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ នឹង​មាន​រៀបចំ​ការ​បាញ់​គ្រាប់​ពិត​ពី​ម៉ោង​៨​ព្រឹក​ ដល់​ម៉ោង​១៨​ ថៃ្ង​ទី​៣០ ​ធ្នូ សេចក្ដី​ប្រកាស​នោះ​បន្ត​ថា ដោយសារ​ហេតុផល​សន្តិសុខ​សូម​ណែនាំ​ដល់​បណ្ដា​នាវា និង​យន្តហោះ​ដែល​មិន​ទាក់ទិន​កុំ​ឲ្យ​ចូល​ក្នុង​ដែនទឹក​ឬ​ដែនអាកាស​នៅ​តំបន់​ធ្វើ​សមយុទ្ធ​។

ចំណែក​កង​ឆ្មាំ​ឆ្នេរសមុទ្រ​តៃវ៉ាន់​អះអាង​ថា ប្រទះ​ឃើញ​នាវា​ចិន​៤​គ្រឿង​នៅ​ជិត​ដែនទឹក​នៃ​កោះ​ឆ្នេរសមុទ្រ​ខាងជើង​និង​ខាងកើត​តៃវ៉ាន់​នា​ថ្ងៃ​ទី​២៩ ​ធ្នូ​ ដោយ​បន្ត​ថា បាន​ដាក់​ពង្រាយ​ភ្លាម​ៗ​បណ្ដា​នាវា ដើម្បី​ត្រៀម​តបត​ក្នុង​បណ្ដា​តំបន់​ទាក់ទិន​និង​បញ្ជូន​បណ្ដា​កងឯកភាព​ជួយ​ទ្រទ្រង់​បន្ថែម​៕


 

Previous Post Next Post