ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក ឡុង ម៉ែនសុយ៉ាល៍ ស្នងការរងនគរបាលខេត្តទទួលផែនសណ្ដាប់ធ្នាប់បានប្រាប់ភ្នាក់ងារកោះសន្តិភាពតាមតេឡេក្រាម នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ថា ករណីរថយន្តព្រូស ពណ៌ក្រហមពាក់ផ្លាកលេខ កំពង់ឆ្នាំង ២C-៥៥៩៥ ជិះមួយគ្រួសារ ហើយធ្លាក់ចូលទឹកកស្សិណអង្គរវត្តខាងត្បូងនោះ កូនប្រុសស្រីពីរនាក់បងប្អូនបានស្លាប់ហើយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ។

ពិតជាអាសូរក្មេងប្រុសស្រីតូចៗទាំង២នាក់បងប្អូននេះណាស់ ដែលបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ឪពុកបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យរថយន្តធ្លាក់ចូលទឹកកស្សិណអង្គរ ។ លោកស្នងការរង ឡុង ម៉ែនសុយ៉ាល៍ ជនរងគ្រោះមួយគ្រួសារនេះ ឪពុកឈ្មោះ រដ្ឋ ពិសិទ្ធ អាយុ៣៥ឆ្នាំ អ្នកបើករថយន្ត ម្តាយឈ្មោះ ហឿង ថាវី អាយុ២៨ឆ្នាំ ។ រីឯកូនប្រុសស្រីទាំង២នាក់ដែលស្លាប់ កូនស្រីឈ្មោះ រដ្ឋ រក្សា អាយុ៥ឆ្នាំ កូនប្រុសឈ្មោះ រដ្ឋ ពិសាសុទ្ធ អាយុជិត៣ឆ្នាំ ។

គ្រួសារនេះរស់នៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ហើយនៅពេលសមត្ថកិច្ចជួយស្រង់ចេញពីក្នុងទឹកកស្សិណ គឺកូនតូចទាំង២នាក់របួសធ្ងន់រហូតសន្លប់ និងត្រូវបានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តដឹកយកទៅមន្ទីរពេទ្យគន្ធបុប្ផាអង្គរភ្លាមៗ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងរយៈពេលនៃការសង្គ្រោះ កូនប្រុសប្អូនបានស្លាប់នៅយប់ថ្ងៃទី២៨ ខែធ្នូ ២០២៥ ចំណែកកូនស្រីបងបានស្លាប់នៅម៉ោង៤រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ។ រីឯឪពុកម្ដាយ មិនមានគ្រោះថ្នាក់ដល់ជីវិតទេ ។

សូមរំឭកថា ករណីគ្រោះថ្នាក់បើករថយន្ត ធ្លាក់ចូលទឹកកស្សិណអង្គរខាងត្បូងនេះ កើតឡើងនៅវេលាម៉ោងប្រមាណ៨និង៣៥នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅតាមរុក្ខវិថីព្រះសីហនុ ត្រង់ចំណុចផ្លូវអក្សរតេ(T) ស្ថិតក្នុងភូមិក្រវាន់សង្កាត់នគរធំ ក្រុងសៀមរាប ។ សពក្មេងប្រុសស្រីទាំង២នាក់បងប្អូនបង្កើត ត្រូវបានក្រុមគ្រួសារ ដឹកចេញពីមន្ទីរពេទ្យគន្ធបុប្ផាយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាបដោយក្តីវីយោគបំផុត ៕
