(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scam) នៅអគារមួយកន្លែង គឺសណ្ឋាគារ Wyndham Grand Phnom Penh Capital ស្ថិតក្នុងខណ្ឌដូនពេញ ទល់មុខស្ថានទូតបារាំង ដោយឃាត់ខ្លួនជនបរទេសប្រមាណជាង ១០០នាក់ ។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បន្ទាប់ពីការបង្ក្រាប សមត្ថកិច្ចបានដកហូតសម្ភារៈជាច្រើន ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ ខណៈជនសង្ស័យទាំងអស់ ត្រូវបាននាំខ្លួនទៅសាកសួរ និងកំពុងបន្តនីតិវិធីតាមច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា ការបង្ក្រាបនេះ ជាផ្នែកមួយនៃយុទ្ធនាការកំចាត់បទល្មើសបច្ចេកវិទ្យា ដែលកំពុងមាននិន្នាការកើនឡើង និងបង្កគ្រោះថ្នាក់ដល់សន្តិសុខសង្គម៕




