(ព្រះសីហនុ) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលលម៉ោង០០:១០នាទី ក្រោយពីទទួលបានបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំអនុប្រធាននាយកដ្ឋាន កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដាក់បណ្តាញសម្ងាត់ជាច្រើនថ្ងៃ រហូតឈានដល់ការកំណត់មុខសញ្ញា និងកំណត់គោលដៅជាក់លាក់ និងធ្វើការចាប់ឃាត់អូប័រ ០១គ្រឿង និងមនុស្ស០២នាក់ សង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់ នៅត្រង់ចំណុចនិយាមការ N10.459741-E103.606419 ស្ថិតនៅម្តុំកោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ និងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់រថយន្ត ចំនួន០២គ្រឿង និងមនុស្ស០៥នាក់ ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ មានការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ហើយបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងមួយចំនួនដូចខាងក្រោម ÷
-ម្សៅសថ្លាសង្ស័យជាសារធាតុញៀន សរុបចំនួន ៤២បាវ *(ទម្ងន់ប្រមាណ ៨៤០គីឡូក្រាម)*
-មនុស្សជនជាតិចិន សរុបចំនួន ០៧នាក់
-អូប័រ ចំនួន ០១គ្រឿង
-រថយន្ត ចំនួន ០២គ្រឿង
-ម៉ូតូ ចំនួន ០៣គ្រឿង
-អាវុធវែង ចំនួន ១០ដេីម
-អាវុធខ្លី ចំនួន ៣៩ដេីម (បង់ចំនួន១០៨បង់ គ្រាប់ ចំនួន៧,៩៣៧គ្រាប់ សុីឡង់សឺ០៨) ។
បច្ចុប្បន្ន មនុស្ស និងវត្ថុតាងខាងលេី ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដេីម្បីអនុវត្តនីតិវិធីបន្ត ។






